ព្រះត្រៃបិដក ភាគ ៨៦

 [៧៥] បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ គប្បី​ក្លែង​ផ្តាច់​បង់ជីវិត​សត្វ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ មហាសមុទ្រ មាន​ទឹក​តាំងនៅ​នឹងជា​ធម្មតា មិនដែល​ឡើង ឬជោរ​ហួស​ច្រាំង​ទៅ​បាន យ៉ាងណាមិញ ម្នាល​ភិ​ក្ខុ​ទំាង​ឡាយ សិក្ខាបទ​ណា ដែល​តថាគត​បាន​បញ្ញត្ត ដល់​សាវ័ក​ទាំងឡាយ​ហើយ ពួក​សាវ័ក​របស់​តថាគត សូម្បី​មានហេតុ​ដល់​ជីវិត ក៏​មិន​ហ៊ាន​ប្រព្រឹត្ត​កន្លង​សិក្ខា​នោះ​ឡើយ ក៏​យ៉ាងនោះ​ឯង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ អ្នក​មិន​គួរ​ពោល​ថា បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ គប្បី​ក្លែង​ផ្តាច់​បង់ជីវិត​សត្វ​ទេ។

ចប់ ជីវិតា​វោ​រោបន​កថា។


ទុគ្គតិ​កថា


 [៧៦] បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ លះបង់​ទុគ្គតិ​ដែរ​ឬ។ អើ។ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ គប្បី​ត្រេកអរ​ក្នុង​រូប​ប្រកបដោយ​សេចក្តី​វិនាស​ដែរ​ឬ។ អើ។ ប្រសិនបើ បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ គប្បី​ត្រេកអរ​ក្នុង​រូប​ប្រកបដោយ​សេចក្តី​វិនាស​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ លះបង់​ទុគ្គតិ​ទេ។
ថយ | ទំព័រទី ៤១ | បន្ទាប់
ID: 637825134972145685
ទៅកាន់ទំព័រ៖