ព្រះត្រៃបិដក ភាគ ៨៦
[១៣១] សោតវិញ្ញាណ កើតជាលំដាប់នៃចក្ខុវិញ្ញាណឬ។ អើ។ ចក្ខុវិញ្ញាណ របស់បុគ្គលកាលធ្វើទុកក្នុងចិត្ត នូវរូបនិមិត្ត (និមិត្តរបស់រូប) កើតឡើងឬ។ អើ។ សោតវិញ្ញាណរបស់បុគ្គល កាលធ្វើទុកក្នុងចិត្តនូវរូបនិមិត្ត កើតឡើងឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[១៣២] ចក្ខុវិញ្ញាណ មានរូបជាអារម្មណ៍តែម្យ៉ាង មិនមានវត្ថុដទៃជាអារម្មណ៍ទេឬ។ អើ ។ សោតវិញ្ញាណ មានរូបជាអារម្មណ៍តែម្យ៉ាង មិនមានវត្ថុដទៃជាអារម្មណ៍ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបឬ។ អើ។ សោតវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបឬ។ អើ។ សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ មិនមានទេ។ ចក្ខុវិញ្ញាណកើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ប្រសិនបើ ចក្ខុវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូប ពាក្យដូច្នេះ មានក្នុងព្រះសូត្រ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សោតវិញ្ញាណ កើតឡើង ព្រោះអាស្រ័យចក្ខុ និងរូបទេ។
ID: 637825146914218105
ទៅកាន់ទំព័រ៖