ព្រះត្រៃបិដក ភាគ ៨៦
[១៨១] ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យ តែបុគ្គលមិនគួរពោលថា តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យផងទេឬ។ អើ។ ក្រែងតណ្ហាកើតដោយសារឧបាទានឬ។ អើ។ ប្រសិនបើ តណ្ហាកើតដោយសារឧបាទាន ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យផង តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យផងដែរ។
[១៨២] ម្នាលភិក្ខុទាំងឡាយ ជាតិកើតមាន ព្រោះជរា និងមរណៈជាបច្ច័យ ភពកើតមាន ព្រោះជាតិជាបច្ច័យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ មិនមានទេ។ ព្រោះហេតុនោះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យហើយ បុគ្គលមិនគួរពោលថា អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យទេ ឧបាទាន កើតមាន ព្រោះតណ្ហាជាបច្ច័យ តែបុគ្គលមិនគួរពោលថា តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យទេ។
[១៨៣] ម្នាលភិក្ខុទាំងឡាយ នាម និងរូប កើតមាន ព្រោះវិញ្ញាណជាបច្ច័យ វិញ្ញាណកើតមាន ព្រោះនាម និងរូបជាបច្ច័យ ពាក្យដូច្នេះ មានក្នុងព្រះសូត្រដែរឬ។ អើ។ ព្រោះហេតុនោះ សង្ខារទាំងឡាយកើតមាន ព្រោះអវិជ្ជាជាបច្ច័យផង អវិជ្ជាកើតមាន ព្រោះសង្ខារជាបច្ច័យផង ឧបាទានកើតមាន ព្រោះតណ្ហាជាបច្ច័យផង តណ្ហាកើតមាន ព្រោះឧបាទានជាបច្ច័យផងដែរ។
ចប់ អញ្ញមញ្ញប្បច្ចយកថា។
ID: 637825162883512044
ទៅកាន់ទំព័រ៖