ព្រះត្រៃបិដក ភាគ ៨៦

 [២២៤] បុគ្គល​ដទៃ ប្រគល់​សេចក្តី​សុខ​ឲ្យ​ដល់​បុគ្គល​ដទៃ បាន​ដែរ​ឬ។ អើ។ បុគ្គល​ដទៃ ជា​អ្នកធ្វើ​នូវ​អំពើ​ដល់​បុគ្គល​ដទៃ សុខទុក្ខ​ដែល​បុគ្គល​ដទៃ​ធ្វើ បុគ្គល​ដទៃ​ធ្វើ បុគ្គល​ដទៃ​ទទួលរង (នូវ​សុខទុក្ខ) បាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [២២៥] បុគ្គល​មិន​គួរ​និយាយ​ថា បុគ្គល​ដទៃ ប្រគល់​សេចក្តី​សុខ ឲ្យ​ដល់​បុគ្គល​ដទៃ បានទេ​ឬ។ អើ។ ក្រែង​ព្រះ​ឧទាយិ​ត្ថេ​រមាន​អាយុ បាន​ពោល​ដូច្នេះហើយ​ថា ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់​កំចាត់​បង់​នូវ​ទុក្ខ​ធម៌ ទាំងឡាយ​ជាច្រើន ដល់​ពួក​យើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់​បង្អោន​ចូល​មក​នូវ​សុខ​ធម៌​ទាំងឡាយ​ជាច្រើន ដល់​ពួក​យើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់​កំចាត់​បង់​នូវ​អកុសលធម៌​ទាំងឡាយ​ជាច្រើន ដល់​ពួក​យើង ឱហ្ន៎ ព្រះមានព្រះភាគ ទ្រង់​បង្អោន​ចូល​មក​នូវ​កុសល​ធម៌​ទំាង​ឡាយ​ជាច្រើន ដល់​ពួក​យើង ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​ដទៃ ប្រគល់​សេចក្តី​សុខ ឲ្យ​ដល់​បុគ្គល​ដទៃ​បាន។

ចប់ សុ​ខានុ​ប្ប​ទានកថា។


អធិ​គ្គ​យ្ហ​មនសិការ​កថា


 [២២៦] បុគ្គល ត្រាស់​ដឹង​ហើយ ទើប​ធ្វើ​ទុក​ក្នុងចិត្ត​ឬ។ អើ។ បុគ្គល​ដឹង​ច្បាស់​នូវ​ចិត្ត​នោះ ដោយចិត្ត​នោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​ដឹង​ច្បាស់​នូវ​ចិត្ត​នោះ ដោយចិត្ត​នោះ​ឬ។
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637825175947033599
ទៅកាន់ទំព័រ៖