ព្រះត្រៃបិដក ភាគ ៨៦

 [២២] បុគ្គល​មិន​គួរ​និយាយ​ថា ញាណ ប្រាសចាក​ចិត្ត​ទេ​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​ចក្ខុវិញ្ញាណ បុគ្គល​គួរ​និយាយ​ថា មាន​ញាណ​ដែរ​ឬ។ អើ។ ញាណ ប្រកបដោយ​ចិត្ត​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ញាណ​ប្រាសចាក​ចិត្ត។ ព្រះអរហន្ត​ប្រកបដោយ​ចក្ខុវិញ្ញាណ បុគ្គល​គួរ​និយាយ​ថា មាន​បញ្ញា​ដែរ​ឬ។ អើ។ បញ្ញា​ប្រក​ដោយចិត្ត​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។ ព្រោះហេតុនោះ បញ្ញា​ប្រាសចាក​ចិត្ត។

ចប់ ញាណ​ចិត្ត​វិ​ប្ប​យុត្ត​និ្ត​កថា។


ឥទំ ទុ​ក្ខ​និ្ត​កថា


 [២៣] បុគ្គល​កាល​និយាយ​វាចា​ថា នេះ​ជា​ទុក្ខ ញាណ​ប្រព្រឹត្តទៅ​ថា នេះ​ជា​ទុក្ខ ដែរ​ឬ។ អើ។ បុគ្គល​កាល​និយាយ​វាចា​ថា នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ ញាណ ប្រព្រឹត្តទៅ​ថា នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បុគ្គល​កាល​និយាយ​វាចា​ថា នេះ​ជា​ទុក្ខ ញាណ​ប្រព្រឹត្តទៅ​ថា នេះ​ជា​ទុក្ខ ដែរ​ឬ។ អើ។ បុគ្គល​កាល​និយាយ​វាចា​ថា នេះ​ជាទី​រំលត់ទុក្ខ ញាណ​ប្រព្រឹត្តទៅ​ថា នេះ​ជាទី​រំលត់ទុក្ខ ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637825125726712884
ទៅកាន់ទំព័រ៖