ព្រះត្រៃបិដក ភាគ ៨៦
អត្ថិអរហតោបុញ្ញូបចយោតិកថា
[២៥៨] ការសន្សំបុណ្យរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ការសន្សំបាបរបស់ព្រះអរហន្ត មានដែរឬ។ អ្នកមិនគួរពោលយ៉ាយនេះទេ។បេ។ ការសន្សំបាបរបស់ព្រះអរហន្ត មិនមានទេឬ។ អើ។ ការសន្សំបុណ្យរបស់ព្រះអរហន្ត មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៥៩] ការសន្សំបុណ្យរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត តាក់តែងបុញ្ញាភិសង្ខារ តាក់តែងអានេញ្ជាភិសង្ខារ ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីគតិ ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភព ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីបច្ច័យដ៏ក្រែលែង ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភោគៈច្រើន ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីមានបរិវារច្រើន ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភាពដ៏ល្អលើសលែងក្នុងទេវលោក ធ្វើកម្មដែលប្រព្រឹត្តទៅដើម្បីភាពដ៏ល្អលើសលែងក្នុងមនុស្សលោកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[២៦០] ការសន្សំបុណ្យរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ព្រះអរហន្ត សន្សំទុកដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត មិនមានការសន្សំទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825190992826775
ទៅកាន់ទំព័រ៖