ព្រះត្រៃបិដក ភាគ ៨៦

 [៣១២] ករុណា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ចូល​មហាករុណា​សមាបត្តិ​ដែរ​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ចូល​មហាករុណា​សមាបត្តិ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ករុណា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន​ទេ។
 [៣១៣] ករុណា​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មាន​ដែរ​ឬ។ អើ។ ព្រះមានព្រះភាគ ប្រកបដោយ​រាគៈ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ព្រោះហេតុនោះ ករុណា(១) របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន​ទេ។

ចប់ ករុណា​កថា។


គន្ធជាត​កថា


 [៣១៤] ឧច្ចារៈ និង​បស្សាវៈ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ គ្រប​សង្កត់​នូវ​ពួក​គន្ធជាត​ដទៃ​ក្រៃពេក​ឬ។ អើ។ ព្រះមានព្រះភាគ សោយ​គ្រឿងក្រអូប​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ព្រះមានព្រះភាគ សោយ​បាយ និង​នំ​ដែរ​ឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ សោយ​បាយ និង​នំ​ដែរ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ឧច្ចារៈ និង​បស្សាវៈ របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ គ្រប​សង្កត់​នូវ​ពួក​គន្ធជាត​ដទៃ​ក្រៃពេក​ទេ។
(១)សំដៅយក ករុណា​ដោយ​រាគៈ។
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 637825201058485069
ទៅកាន់ទំព័រ៖