ព្រះត្រៃបិដក ភាគ ៨៦
[៣៧៧] បញ្ចិន្រ្ទិយជាលោកិយៈ មិនមានទេឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត កាលប្រមើលមើលនូវសត្វលោក ដោយពុទ្ធចក្ខុ បានឃើញពួកសត្វមានធូលីតិចក្នុងភ្នែក មានធូលីច្រើនក្នុងភ្នែក មានឥន្រ្ទិយដ៏ក្លៀវក្លា មានឥន្ទ្រិយទន់ មានអាការល្អ មានអាការអាក្រក់ ដែលឲ្យដឹងបានដោយងាយ ដែលឲ្យដឹងបានដោយកម្រ ពួកខ្លះ ឃើញទោស និងភ័យក្នុងបរលោក ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ បញ្ចិន្រ្ទិយជាលោកិយៈ មានដែរ។
ចប់ ឥន្រ្ទិយកថា។
ចប់ ឯកូនវីសតិមវគ្គ។
ឧទ្ទាននៃឯកូនវីសតិមវគ្គនោះ គឺ
និយាយអំពីបុគ្គល លះបង់ពួកកិលេសជាអតីត លះបង់ពួកកិលេសជាអនាគត លះបង់ពួកកិលេសជាបច្ចុប្បន្ន ១ សេចក្តីសូន្យ រាប់បញ្ចូលក្នុងសង្ខារក្ខន្ធ ១ សាមញ្ញផល ជាអសង្ខតៈ ១ ការបាន ជាអសង្ខតៈ ១ សេចក្តីទៀងទាត់នៃធម៌ទាំងពួងជាអសង្ខតៈ ១ និព្វានធាតុ ជាកុសល ១ សេចក្តីទៀងទាត់តែម្យ៉ាង របស់បុថុជ្ជន មាន ១ បញ្ចិន្រ្ទិយជាលោកិយៈ មិនមាន ១។
ID: 637825228982650653
ទៅកាន់ទំព័រ៖