ព្រះត្រៃបិដក ភាគ ៨៦
មិនមែនបញ្ញា ប្រៀបដោយបញ្ញា មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ រាគប្បដិរូបកាទិកថា។
អបរិនិប្ផន្នកថា
[៤៦២] រូប មិនសម្រេចទេឬ។ អើ។ រូប មិនមែនជាអនិច្ចធម៌ មិនមែនជាសង្ខតធម៌ មិនមែនជាបដិច្ចសមុប្បន្នធម៌ មិនមែនជាខយធម៌ មិនមែនជាវយធម៌ មិនមែនជាវិរាគធម៌ មិនមែនជានិរោធធម៌ មិនមែនជាវិបរិណាមធម៌ទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងរូបជាអនិច្ចធម៌ ជាសង្ខតធម៌ ជាបដិច្ចសមុប្បន្នធម៌ ជាខយធម៌ ជាវយធម៌ ជាវិរាគធម៌ ជានិរោធធម៌ ជាវិបរិណាមធម៌ឬ។ អើ។ ប្រសិនបើ រូបជាអនិច្ចធម៌ ជាសង្ខតធម៌។បេ។ ជាវិបរិណាមធម៌ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា រូបមិនសម្រេចទេ។
[៤៦៣] ទុក្ខ សម្រេចហើយឬ។ អើ។ ក្រែងព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ រូបមិនទៀងឬ។ អើ។ ប្រសិនបើ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា របស់ណាមិនទៀង របស់នោះជាទុក្ខ រូបមិនទៀង ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ទុក្ខ សម្រេចហើយទេ។
ID: 637825247107506959
ទៅកាន់ទំព័រ៖