ព្រះត្រៃបិដក ភាគ ៨៦
[៦០] បុគ្គលមិនគួរនិយាយថា សឡាយតនៈ ជាវិបាកទេឬ។ អើ។ ក្រែងសឡាយតនៈ កើតឡើង ព្រោះកម្មដែលបុគ្គលធ្វើហើយឬ។ អើ។ ប្រសិនបើ សឡាយតនៈ កើតឡើងព្រោះកម្មដែលបុគ្គលធ្វើហើយ ម្នាលអ្នកដ៏ចម្រើន ព្រោះហេតុនោះ អ្នកគួរពោលថា សឡាយតនៈជាវិបាក។
ចប់ សឡាយតនកថា។
សត្តក្ខត្តុំបរមកថា
[៦១] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើនឬ។ អើ។ សត្តក្ខត្តុំបរមបុគ្គល បានផ្តាច់បង់ចាកជីវិតមាតា ផ្តាច់បង់ចាកជីវិតបិតា ផ្តាច់បង់ចាកជីវិតព្រះអរហន្ត មានចិត្តប្រទូស្ត ញុំាងព្រះលោហិតរបស់ព្រះតថាគត ឲ្យពុះពោរឡើង និងបំបែកសង្ឃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦២] សត្តក្ខត្តុំបរមបុគ្គល ទៀងដោយការកើត ៧ ដងទៀតយ៉ាងច្រើន ឬ។ អើ។ សត្តក្ខត្តុំបរមបុគ្គល មិនគួរដើម្បីរម្ងាប់នូវធម៌ (គឺអនន្តរិយកម្ម) ជាចន្លោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សត្តក្ខត្តុំបរមបុគ្គល មិនគួរដើម្បីរម្ងាប់នូវធម៌ (គឺអនន្តរិយកម្ម) ជាចន្លោះទេឬ។ អើ។ សត្តក្ខត្តុំបរមបុគ្គល ផ្តាច់បង់ចាកជីវិតមាតា ផ្តាច់បង់ចាកជីវិតបិតា ផ្តាច់បង់ចាកជីវិតព្រះអរហន្ត មានចិត្តប្រទូស្ត ញុំាងព្រះលោហិតរបស់ព្រះតថាគត ឲ្យពុះពោរឡើង និងបំបែកសង្ឃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637825133013986900
ទៅកាន់ទំព័រ៖