ព្រះត្រៃបិដក ភាគ ៨៦

ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​ក្នុង​សាសនា​នេះ ស្ងាត់​ចាក​កាម​ទាំងឡាយ។បេ។ ចូលកាន់​បឋមជ្ឈាន ភិក្ខុ​នោះ​រីករាយ​ចំពោះ​ឈាន​នោះ ប្រាថ្នា​នូវ​ឈាន​នោះ ដល់​នូវ​សេចក្តី​ត្រេកអរ​ដោយ​ឈាន​នោះ ព្រោះ​រម្ងាប់​វិតក្កៈ និង​វិចារៈ។បេ។ បាន​ចូលកាន់​ទុតិយជ្ឈាន។បេ។ តតិយជ្ឈាន។បេ។ ចតុត្ថជ្ឈាន ភិក្ខុ​នោះ រីករាយ​ចំពោះ​ឈាន​នោះ ប្រាថ្នា​នូវ​ឈាន​នោះ ដល់​នូវ​សេចក្តី​ត្រេកអរ​ដោយ​ឈាន​នោះ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ បុគ្គល​ចូល​ឈាន រមែង​រីករាយ ការ​ត្រេកអរ​ក្នុង​ឈាន មាន​ឈាន​ជា​អារម្មណ៍​ពិត។

ចប់ សមា​បន្ន​អស្សា​ទេតិ​កថា។


អសាត​រាគ​កថា


 [១០០] ការ​ត្រេកអរ​ក្នុង​របស់​ដែល​មិនជា​ទី​ត្រេកអរ មាន​ដែរ​ឬ។ អើ។ ពួក​សត្វ ត្រេកអរ ក្នុង​សេចក្តី​ទុក្ខ សត្វ​ពួក​ខ្លះ ប្រាថ្នា​ស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរក​នូវ​សេចក្តី​ទុក្ខ ឋិតនៅ ចុះចិត្តស៊ប់ ចំពោះ​សេចក្តី​ទុក្ខ មាន​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ក្រែង​ពួក​សត្វ ត្រេកអរ​ក្នុង​សេចក្តី​សុខ សត្វ​ពួក​ខ្លះ​បា្រ​ថ្នា ស្រឡាញ់ ស្វែង ស្វះស្វែង ស្វែងរក​នូវ​សេចក្តី​សុខ ឋិតនៅ ចុះចិត្តស៊ប់ ចំពោះ​សេចក្តី​សុខ មាន​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637825141658858855
ទៅកាន់ទំព័រ៖