ព្រះត្រៃបិដក ភាគ ៨៧
[៣០២] ឃានាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលប្រកបដោយចិត្ត មិនមានឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។
[៣០៣] ឃានាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង ឃានាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយឃានៈ កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង ឃានាយតនៈ កើតឡើងផង។
ID: 637825364297289378
ទៅកាន់ទំព័រ៖