ព្រះត្រៃបិដក ភាគ ៨៧
[៣០៤] រូបាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយរូប ប្រកបដោយចិត្ត កាលចាប់បដិសន្ធិ រូបាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងផង។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានរូប កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្ត ប្រកបដោយរូប កាលចាប់បដិសន្ធិ មនាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ កើតឡើងផង។
[៣០៥] រូបាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង រូបាយតនៈ របស់សត្វនោះកើតឡើងដែរឬ។ ពួកសត្វដែលមិនមានរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែរូបាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយរូប កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង រូបាយតនៈ កើតឡើងផង។
ID: 637825364523248424
ទៅកាន់ទំព័រ៖