ព្រះត្រៃបិដក ភាគ ៨៧
[៣០៦] មនាយតនៈ របស់សត្វណា កើតឡើង ធម្មាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា កើតឡើង មនាយតនៈ របស់សត្វនោះ កើតឡើងដែរឬ។ ពួកសត្វដែលមិនមានចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើង តែមនាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងទេ ពួកសត្វដែលប្រកបដោយចិត្ត កាលចាប់បដិសន្ធិ ធម្មាយតនៈ របស់សត្វទាំងនោះ កើតឡើងផង មនាយតនៈ កើតឡើងផង។
[៣០៧] ចក្ខាយតនៈ កើតឡើង ក្នុងទីណា សោតាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។ មួយយ៉ាងទៀត សោតាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។
[៣០៨] ចក្ខាយតនៈ កើតឡើង ក្នុងទីណា ឃានាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ ចក្ខាយតនៈ កើតឡើង ក្នុងរូបាវចរភពនោះ តែឃានាយតនៈ មិនកើតឡើង ក្នុងរូបាវចរភពនោះទេ ចក្ខាយតនៈ កើតឡើងផង ឃានាយតនៈ កើតឡើងផង ក្នុងកាមាវចរភពនោះ។ មួយយ៉ាងទៀត ឃានាយតនៈ កើតឡើង ក្នុងទីណា ចក្ខាយតនៈ កើតឡើង ក្នុងទីនោះដែរឬ។ អើ។
ID: 637825364755904829
ទៅកាន់ទំព័រ៖