ព្រះត្រៃបិដក ភាគ ៨៧
ពួកធម៌ទាំងអស់នោះ ជាអកុសលឬ។ អើ។
[១៤] ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ ជាមូលនៃអព្យាក្រឹតឬ។ អព្យាកតមូលទាំងឡាយ មានត្រឹមតែ ៣ ឯពួកធម៌ជាអព្យាក្រឹតដ៏សេស មិនមែនឈ្មោះថាអព្យាកតមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណាមួយ ជាមូលនៃអព្យាក្រឹត ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ ជាអព្យាក្រឹត ពួកធម៌ទាំងអស់នោះ មានមូលតែមួយ ដោយអព្យាកតមូលឬ។ អព្យាក្រឹត ជាអហេតុកៈ មិនមែនមានមូលតែមួយ ដោយអព្យាកតមូលឡើយ ឯអព្យាក្រឹត ជាសហេតុកៈ ទើបមានមូលតែមួយ ដោយអព្យាកតមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។ ពួកធម៌ណាមួយ មានមូលតែមួយ ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូលឬ។ មូលទាំងឡាយណា ជាអព្យាកតមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយផង មានគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងអព្យាកតមូល គ្រាន់តែមានមូលតែមួយ ដោយអព្យាកតមូល តែមិនមែនមានគ្នានិងគ្នាជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានគ្នានិងគ្នាជាមូល ដោយអព្យាកតមូល ពួកធម៌ទាំងអស់នោះ ជាអព្យាក្រឹតឬ។ អើ។
ID: 637825312121871457
ទៅកាន់ទំព័រ៖