ព្រះត្រៃបិដក ភាគ ៨៧
[១៩] ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលនៃនាមជាមូលឬ។ មូលនៃនាមជាមូលទាំងឡាយ មានត្រឹមតែ ៩ ប៉ុណ្ណោះ ឯពួកធម៌ជានាមដ៏សេស មិនមែនមានមូលនៃនាមជាមូលឡើយ។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលនៃនាមជាមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ អើ។ ពួកធម៌ណាមួយ ជានាម ពួកធម៌ទាំងអស់នោះ មានមូលតែមួយជាមូល ដោយនាមមូលឬ។ នាមជាអហេតុកៈ មិនមែនមានមូលតែមួយជាមូល ដោយនាមមូលឡើយ ឯនាមជាសហេតុកៈ ទើបមានមូលតែមួយជាមូល ដោយនាមមូល។ មួយយ៉ាងទៀត ពួកធម៌ណា មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ ជានាមឬ។ រូប មាននាមជាសមុដ្ឋាន មានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនជានាមឡើយ ឯនាមមានមូលតែមួយជាមូល ដោយនាមមូលផង ជានាមផង។ ពួកធម៌ណាមួយ មានមូលតែមួយជាមូល ដោយនាមមូល ពួកធម៌ទាំងអស់នោះ មានមូលនៃគ្នានិងគ្នាជាមូល ដោយនាមមូលឬ។ មូលទាំងឡាយណា ជានាមមូល កើតក្នុងទីជាមួយគ្នា (មូលទាំងឡាយនោះ) មានមូលតែមួយជាមូលផង មានមូលនៃគ្នានិងគ្នាជាមូលផង ឯពួកធម៌ដ៏សេស ដែលកើតព្រមគ្នានឹងនាមមូល គ្រាន់តែមានមូលតែមួយជាមូល ដោយនាមមូល តែមិនមែនមានមូលនៃគ្នានិងគ្នាជាមូលឡើយ។
ID: 637825313227238440
ទៅកាន់ទំព័រ៖