ព្រះត្រៃបិដក ភាគ ៨៧
[៤៨២] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា នឹងមិនកើតឡើង ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព កាលចូលទៅកាន់កាមាវចរភព មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើង ក្នុងទីនោះទេ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងរូបាវចរភព និងក្នុងអរូបាវចរភព និងពួកអសញ្ញសត្វ មនាយតនៈ របស់សត្វទាំងនោះ នឹងមិនកើតឡើងផង ឃានាយតនៈ មិនកើតឡើងផង ក្នុងទីនោះ។
ID: 637825401456480440
ទៅកាន់ទំព័រ៖