ព្រះត្រៃបិដក ភាគ ៨៧
[៥១៨] រូបាយតនៈ របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មនាយតនៈ របស់សត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះទេឬ។ រូបាយតនៈ របស់ពួកអរូបព្រហ្មនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែមនាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនកើតឡើង ក្នុងទីនោះទេ រូបាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព មិនកើតឡើងហើយផង មនាយតនៈ នឹងមិនកើតឡើងផង ក្នុងទីនោះ។ មួយយ៉ាងទៀត មនាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះទេឬ។ មនាយតនៈ របស់ពួកសត្វដែលកើតក្នុងបច្ឆិមភព ក្នុងបញ្ចវោការភព និងរបស់ពួកអសញ្ញសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ មនាយតនៈ របស់ពួកសុទ្ធាវាសសត្វ និងរបស់សត្វទាំងនោះ ដែលកើតក្នុងបច្ឆិមភព ក្នុងអរូបភព នឹងមិនកើតឡើងផង រូបាយតនៈ មិនកើតឡើងហើយផង ក្នុងទីនោះ។
ID: 637825415061164893
ទៅកាន់ទំព័រ៖