ព្រះត្រៃបិដក ភាគ ៨៧
[៦៦៣] ចក្ខាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វកាលបរិនិព្វាន ក្នុងកាមាវចរភព និងពួកសត្វជារូបាវចរៈ ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ទៅហើយ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាកាមាវចរៈនោះ ក្រៅនេះ រលត់ហើយផង ឃានាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ឃានាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។ អើ។
[៦៦៤] ចក្ខាយតនៈ របស់សត្វណា រលត់ហើយ ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងរលត់ទៅ ក្នុងទីនោះដែរឬ។ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព ចក្ខាយតនៈ របស់សត្វទាំងនោះ រលត់ហើយ ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេ ចក្ខាយតនៈ របស់ពួកសត្វជាបញ្ចវោការៈនោះ ក្រៅនេះ រលត់ហើយផង រូបាយតនៈ នឹងរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ រលត់ហើយ ក្នុងទីនោះដែរឬ។
ID: 637825435581396205
ទៅកាន់ទំព័រ៖