ព្រះត្រៃបិដក ភាគ ៨៧
[៦៨៣] ឃានាយតនៈ របស់សត្វណា មិនរលត់ហើយ ក្នុងទីណា ធម្មាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយ ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ឃានាយតនៈ របស់សត្វទាំងនោះ មិនរលត់ហើយផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនរលត់ហើយ ក្នុងទីនោះទេឬ។ ពួកសត្វ កាលបរិនិព្វានក្នុងកាមាវចរភព ធម្មាយតនៈរបស់សត្វទាំងនោះ នឹងមិនរលត់ទៅ ក្នុងទីនោះ តែឃានាយតនៈ របស់សត្វទាំងនោះ មិនមែនជាមិនរលត់ហើយ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងរូបាវចរភព និងក្នុងអរូបាវចរភព ធម្មាយតនៈ របស់សត្វទាំងនោះ នឹងមិនរលត់ទៅផង ឃានាយតនៈ មិនរលត់ហើយផង ក្នុងទីនោះ។
ID: 637825439127596278
ទៅកាន់ទំព័រ៖