ព្រះត្រៃបិដក ភាគ ៨៧
ពួកសត្វទាំងអស់ ដែលមិនមានចក្ខុ កាលច្យុត កាលចាប់បដិសន្ធិ ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែធម្មាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វាន ចក្ខាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង ធម្មាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត ធម្មាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ចក្ខាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
[៧៨១] ឃានាយតនៈ របស់សត្វណា មិនកើតឡើង ក្នុងទីណា រូបាយតនៈ របស់សត្វនោះ នឹងមិនរលត់ទៅ ក្នុងទីនោះទេឬ។ ពួកសត្វដែលមិនមានឃានៈ កាលច្យុតចាកកាមាវចរភព កាលចូលទៅកាន់កាមាវចរភព និងពួកសត្វជារូបាវចរៈ ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះ តែរូបាយតនៈ របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅ ក្នុងទីនោះទេ ពួកសត្វ កាលបរិនិព្វានក្នុងបញ្ចវោការភព និងពួកអរូបព្រហ្ម ឃានាយតនៈ របស់សត្វទាំងនោះ មិនកើតឡើងផង រូបាយតនៈ នឹងមិនរលត់ទៅផង ក្នុងទីនោះ។ មួយយ៉ាងទៀត រូបាយតនៈ របស់សត្វណា នឹងមិនរលត់ទៅ ក្នុងទីណា ឃានាយតនៈ របស់សត្វនោះ មិនកើតឡើង ក្នុងទីនោះទេឬ។ អើ។
ID: 637825453032634922
ទៅកាន់ទំព័រ៖