ព្រះត្រៃបិដក ភាគ ៨៧
[១២៩] រូបក្ខន្ធ របស់សត្វណា នឹងកើតឡើង វេទនាខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ អើ។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងកើតឡើង រូបក្ខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ សត្វទាំងឡាយណា ចូលទៅកាន់អរូបព្រហ្មហើយ នឹងបរិនិព្វាន វេទនាខន្ធរបស់សត្វទាំងនោះ នឹងកើតឡើង ឯរូបក្ខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វេទនាខន្ធរបស់សត្វទាំងនោះ ក្រៅនេះ នឹងកើតឡើងផង រូបក្ខន្ធនឹងកើតឡើងផង។
[១៣០] រូបក្ខន្ធ នឹងកើតឡើងក្នុងទីណា វេទនាខន្ធ នឹងកើតឡើងក្នុងទីនោះដែរឬ។ រូបក្ខន្ធ នឹងកើតឡើងក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ នឹងមិនកើតឡើងក្នុងទីនោះទេ រូបក្ខន្ធ នឹងកើតឡើងផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។ មួយយ៉ាងទៀត វេទនាខន្ធ នឹងកើតឡើងក្នុងទីណា រូបក្ខន្ធ នឹងកើតឡើង ក្នុងទីនោះដែរឬ។ វេទនាខន្ធ នឹងកើតឡើង ក្នុងអរូបភពនោះ ឯរូបក្ខន្ធ នឹងមិនកើតឡើងក្នុងទីនោះទេ វេទនាខន្ធ នឹងកើតឡើងផង រូបក្ខន្ធ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
ID: 637825323649842524
ទៅកាន់ទំព័រ៖