ព្រះត្រៃបិដក ភាគ ៨៧
[១៥៩] រូបក្ខន្ធរបស់សត្វណា កើតឡើងហើយ វេទនាខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព រូបក្ខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ឯវេទនាខន្ធ របស់សត្វទាំងនោះ នឹងមិនកើតឡើងទេ រូបក្ខន្ធរបស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង វេទនាខន្ធ នឹងកើតឡើងផង។ មួយយ៉ាងទៀត វេទនាខន្ធរបស់សត្វណា នឹងកើតឡើង រូបក្ខន្ធរបស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[១៦០] វេទនាខន្ធ របស់សត្វណា កើតឡើងហើយ សញ្ញាខន្ធរបស់សត្វនោះ នឹងកើតឡើងដែរឬ។ ពួកសត្វដែលកើតក្នុងបច្ឆិមភព វេទនាខន្ធរបស់សត្វទាំងនោះ កើតឡើងហើយ ឯសញ្ញាខន្ធរបស់សត្វទាំងនោះ នឹងមិនកើតឡើងទេ វេទនាខន្ធរបស់សត្វទាំងនោះ ក្រៅនេះ កើតឡើងហើយផង សញ្ញាខន្ធ នឹងកើតឡើងផង។ មួយយ៉ាងទៀត សញ្ញាខន្ធរបស់សត្វណា នឹងកើតឡើង វេទនាខន្ធ របស់សត្វនោះ កើតឡើងហើយដែរឬ។ អើ។
[១៦១] រូបក្ខន្ធ កើតឡើងហើយ ក្នុងទីណា វេទនាខន្ធ នឹងកើតឡើង ក្នុងទីនោះដែរឬ។ រូបក្ខន្ធ កើតឡើងហើយ ក្នុងអសញ្ញសត្វនោះ ឯវេទនាខន្ធ នឹងមិនកើតឡើងក្នុងទីនោះទេ រូបក្ខន្ធ កើតឡើងហើយផង វេទនាខន្ធ នឹងកើតឡើងផង ក្នុងបញ្ចវោការភពនោះ។
ID: 637825327615327566
ទៅកាន់ទំព័រ៖