ព្រះត្រៃបិដក ភាគ ៨៧

មួយ​យ៉ាង​ទៀត វេទនាខន្ធ នឹង​កើតឡើង ក្នុង​ទីណា រូបក្ខន្ធ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ នឹង​កើតឡើង ក្នុង​អរូបភព​នោះ។ ឯរូបក្ខន្ធ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ វេទនាខន្ធ នឹង​កើតឡើង​ផង រូបក្ខន្ធ កើតឡើង​ហើយ​ផង ក្នុង​បញ្ចវោការ​ភព​នោះ។
 [១៦២] វេទនាខន្ធ កើតឡើង​ហើយ ក្នុង​ទីណា សញ្ញាខន្ធ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ នឹង​កើតឡើង​ក្នុង​ទីណា វេទនាខន្ធ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។
 [១៦៣] រូបក្ខន្ធ របស់​សត្វ​ណា កើតឡើង​ហើយ ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព ក្នុង​បញ្ចវោការ​ភព និង​ពួក​អសញ្ញ​សត្វ រូបក្ខន្ធ​របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ពួក​សត្វ​ក្រៅ​នេះ ដែល​កើត​ក្នុង​បញ្ចវោការ​ភព រូបក្ខន្ធ​របស់​សត្វ​ទាំងនោះ កើតឡើង​ហើយ​ផង វេទនាខន្ធ នឹង​កើតឡើង​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ​របស់​សត្វ​ណា នឹង​កើតឡើង ក្នុង​ទីណា រូបក្ខន្ធ​របស់​សត្វ​នោះ កើតឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ របស់​ពួក​អរូបព្រហ្ម​ទាំងនោះ នឹង​កើតឡើង ក្នុង​ទីនោះ ឯរូបក្ខន្ធ​របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ វេទនាខន្ធ​របស់​សត្វ​ទាំងនោះ ដែល​កើត​ក្នុង​បញ្ចវោការ​ភព នឹង​កើតឡើង​ផង រូបក្ខន្ធ​កើតឡើង​ហើយ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៧៥ | បន្ទាប់
ID: 637825327889880788
ទៅកាន់ទំព័រ៖