ព្រះត្រៃបិដក ភាគ ៨៧

 [១៧០] វេទនាខន្ធ របស់​សត្វ​ណា មិនកើត​ឡើង​ហើយ ក្នុង​ទីណា សញ្ញាខន្ធ របស់​សត្វ​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ មួយ​យ៉ាង​ទៀត សញ្ញាខន្ធ​របស់​សត្វ​ណា នឹង​មិនកើត​ឡើង ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​កើត​ក្នុង​បច្ឆិមភព សញ្ញាខន្ធ​របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ក្នុង​ទីនោះ ឯវេទនាខន្ធ​របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង​ហើយ ក្នុង​ទីនោះ​ទេ ពួក​អសញ្ញ​សត្វ​ដែល​កើត​ក្នុង​សុទ្ធាវាស សញ្ញាខន្ធ​របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ផង វេទនាខន្ធ មិនកើត​ឡើង​ហើយ​ផង ក្នុង​ទីនោះ។
ចប់ ឧប្បាទ​វារៈ។
 [១៧១] រូបក្ខន្ធ​របស់​សត្វ​ណា រលត់​ទៅ វេទនាខន្ធ​របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ ដែល​ច្យុត​ចាក​អសញ្ញ​សត្វ រូបក្ខន្ធ​របស់​សត្វ​ទាំងនោះ រមែង​រលត់​ទៅ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ច្យុត​ចាក​បញ្ចវោការ​ភព រូបក្ខន្ធ​របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង វេទនាខន្ធ រលត់​ទៅ​ផង។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា រលត់​ទៅ រូបក្ខន្ធ របស់​សត្វ​នោះ រលត់​ទៅ​ដែរ​ឬ។ ពួក​សត្វ​ដែល​ច្យុត​ចាក​អរូបភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ ឯរូបក្ខន្ធ របស់​សត្វ​ទាំងនោះ មិនមែន​រលត់​ទៅ​ទេ ពួក​សត្វ​ដែល​ច្យុត​ចាក​បញ្ចវោការ​ភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង រូបក្ខន្ធ រលត់​ទៅ​ផង។
ថយ | ទំព័រទី ៧៨ | បន្ទាប់
ID: 637825328742079944
ទៅកាន់ទំព័រ៖