ព្រះត្រៃបិដក ភាគ ៨៧

 [១៧២] រូបក្ខន្ធ រលត់​ទៅ​ក្នុង​ទីណា វេទនាខន្ធ រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ រូបក្ខន្ធ រលត់​ទៅ ក្នុង​អសញ្ញ​សត្វ​នោះ ឯវេទនាខន្ធ មិន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ រូបក្ខន្ធ រលត់​ទៅ​ផង វេទនាខន្ធ រលត់​ទៅ​ផង ក្នុង​បញ្ចវោការ​ភព​នោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ រលត់​ទៅ​ក្នុង​ទីណា រូបក្ខន្ធ​រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ វេទនាខន្ធ រលត់​ទៅ​ក្នុង​អរូបភព​នោះ ឯរូបក្ខន្ធ មិន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ វេទនាខន្ធ រលត់​ទៅ​ផង រូបក្ខន្ធ​រលត់​ទៅ​ផង ក្នុង​បញ្ចវោការ​ភព​នោះ។
 [១៧៣] រូបក្ខន្ធ របស់​សត្វ​ណា រលត់​ទៅ​ក្នុង​ទីណា វេទនាខន្ធ របស់​សត្វ​នោះ រលត់​ទៅ​ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​ច្យុត​ចាក​អសញ្ញ​សត្វ រូបក្ខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ក្នុង​ទីនោះ ឯវេទនាខន្ធ របស់​សត្វ​ទាំងនោះ មិន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ច្យុត​ចាក​បញ្ចវោការ​ភព រូបក្ខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង វេទនាខន្ធ រលត់​ទៅ​ផង ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វេទនាខន្ធ របស់​សត្វ​ណា រលត់​ទៅ​ក្នុង​ទីណា រូបក្ខន្ធ របស់​សត្វ​នោះ រលត់​ទៅ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​សត្វ​ដែល​ច្យុត​ចាក​អរូបភព វេទនាខន្ធ របស់​សត្វ​ទាំងនោះ រលត់​ទៅ​ក្នុង​ទីនោះ ឯរូបក្ខន្ធ​របស់​សត្វ​ទាំងនោះ មិនមែន​រលត់​ទៅ​ក្នុង​ទីនោះ​ទេ ពួក​សត្វ​ដែល​ច្យុត​ចាក​បញ្ចវោការ​ភព វេទនាខន្ធ​របស់​សត្វ​ទាំងនោះ រលត់​ទៅ​ផង រូបក្ខន្ធ រលត់​ទៅ​ផង ក្នុង​ទីនោះ។
ថយ | ទំព័រទី ៧៩ | បន្ទាប់
ID: 637825328982080264
ទៅកាន់ទំព័រ៖