ព្រះត្រៃបិដក ភាគ ៨៨
សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងភង្គក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងភង្គក្ខណៈនៃចិត្ត ក្នុងភង្គក្ខណៈនៃចិត្តនោះ នឹងមិនរលត់ទៅ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនរលត់ទៅទេ សមុទយសច្ច របស់ព្រះអរហន្តទាំងឡាយ ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ និងរបស់សត្វទាំងនោះ ដែលជាសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព នឹងមិនរលត់ទៅផង ទុក្ខសច្ច មិនរលត់ទៅផង។
[១៧១] ទុក្ខសច្ច របស់សត្វណា មិនរលត់ទៅ មគ្គសច្ច របស់សត្វនោះ នឹងមិនរលត់ទៅឬ។ ពួកសត្វនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា ក្នុងឧប្បាទក្ខណៈនៃមគ្គដ៏ប្រសើរ ឬក៏ពួកសត្វណា នឹងបាននូវមគ្គ ក្នុងឧប្បាទក្ខណៈនៃចិត្តនោះ ពួកសត្វនោះ កាលចាប់បដិសន្ធិ ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបច្ចុប្បន្ន និងក្នុងភង្គក្ខណៈនៃមគ្គ និងផល ក្នុងអរូបភព ទុក្ខសច្ច របស់សត្វទាំងនោះ មិនរលត់ទៅ តែមគ្គសច្ច របស់សត្វទាំងនោះ មិនមែនជានឹងមិនរលត់ទៅទេ
ID: 637826024522909908
ទៅកាន់ទំព័រ៖