ព្រះត្រៃបិដក ភាគ ៨៨

កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ពួក​វិតក្កៈ និង​វិចារៈ ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ តែ​វចីសង្ខារ របស់​សត្វ​ទាំងនោះ មិនមែន​ជា​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ កាយសង្ខារ របស់​អសញ្ញ​សត្វ​ទាំងអស់​នោះ មិនកើត​ឡើង​ផង វចីសង្ខារ មិនកើត​ឡើង​ផង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​មិន​មាន​វិតក្កៈ មិន​មាន​វិចារៈ ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ ក្នុង​ទីនោះ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា។បេ។ ពាក្យ​ថា របស់​សត្វ​ណា​ក្តី ពាក្យ​ថា របស់​សត្វ​ណា ក្នុង​ទីណា​ក្តី បណ្ឌិត គប្បី​ឲ្យ​ពិស្តារ ដូចៗគ្នា​ចុះ។ ពាក្យ​ថា របស់​ពួក​សត្វ ដែល​ចូលកាន់​និរោធ បណ្ឌិត មិនបាន (មិន​គួរ​ពោល) ក្នុង​បទ​ថា របស់​សត្វ​ណា ក្នុង​ទីណា​ឡើយ។
 [២៥៧] កាយសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ វចីសង្ខារ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយ​យ៉ាង​ទៀត វចីសង្ខារ របស់​សត្វ​ណា (កើតឡើង​ហើយ)។បេ។ អើ។ កាយសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ ចិត្តសង្ខារ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា (កើតឡើង​ហើយ)។បេ។ អើ។ វចីសង្ខារ របស់​សត្វ​ណា កើតឡើង​ហើយ ចិត្តសង្ខារ របស់​សត្វ​នោះ កើតឡើង​ហើយ​ឬ។ អើ។
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637826055417444845
ទៅកាន់ទំព័រ៖