ព្រះត្រៃបិដក ភាគ ៨៨

 [២៩៦] កាយសង្ខារ របស់​សត្វ​ណា កើតឡើង ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ អើ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​កើតឡើង កាយសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។ ចិត្តសង្ខារ របស់​ពួក​សត្វ​ទាំងអស់ ដែល​ចូលកាន់​និរោធ និង​របស់​អសញ្ញ​សត្វ​ទាំងនោះ នឹង​កើតឡើង ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត និង​ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ព្រោះ​វៀរចាក​ពួក​អស្សាសៈ និង​បស្សាសៈ តែ​កាយសង្ខារ របស់​សត្វ​ទាំងនោះ មិនកើត​ឡើង​ទេ ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​កើតឡើង​ផង កាយសង្ខារ កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ពួក​អស្សាសៈ និង​បស្សាសៈ។
 [២៩៧] វចីសង្ខារ របស់​សត្វ​ណា កើតឡើង ចិត្តសង្ខារ របស់​សត្វ​នោះ នឹង​កើតឡើង​ឬ។ វចីសង្ខារ របស់​សត្វ​ទាំងនោះ កើតឡើង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ចិត្តជា​ទីបំផុត ដែល​ប្រកបដោយ​វិតក្កៈ ប្រកបដោយ​វិចារៈ តែ​ចិត្តសង្ខារ របស់​សត្វ​ទាំងនោះ នឹង​មិនកើត​ឡើង​ទេ វចីសង្ខារ របស់​សត្វ​ទាំងនោះ ក្រៅ​នេះ កើតឡើង​ផង ចិត្តសង្ខារ នឹង​កើតឡើង​ផង ក្នុង​ឧប្បាទ​ក្ខ​ណៈ នៃ​ពួក​វិតក្កៈ និង​វិចារៈ។ មួយ​យ៉ាង​ទៀត ចិត្តសង្ខារ របស់​សត្វ​ណា នឹង​កើតឡើង វចីសង្ខារ របស់​សត្វ​នោះ កើតឡើង​ឬ។
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 637826060861686739
ទៅកាន់ទំព័រ៖