ព្រះត្រៃបិដក ភាគ ៨៨
និងរបស់ពួកសត្វជារូបាវចរៈ និងជាអរូបាវចរៈទាំងនោះ ក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ នឹងកើតឡើង ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ពួកសត្វជាកាមាវចរៈ ដែលចូលកាន់បឋមជ្ឈាន ក្នុងឧប្បាទក្ខណៈ នៃពួកអស្សាសៈ និងបស្សាសៈ វចីសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងទីនោះ។
[៣០០] កាយសង្ខារ របស់សត្វណា កើតឡើង ក្នុងទីណា ចិត្តសង្ខារ របស់សត្វនោះ នឹងកើតឡើង ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត ចិត្តសង្ខារ របស់សត្វណា នឹងកើតឡើង ក្នុងទីណា កាយសង្ខារ របស់សត្វនោះ កើតឡើង ក្នុងទីនោះឬ។ ចិត្តសង្ខារ របស់ពួកសត្វទាំងអស់នោះ នឹងកើតឡើង ក្នុងភង្គក្ខណៈនៃចិត្ត និងក្នុងឧប្បាទក្ខណៈនៃចិត្ត ព្រោះវៀរចាកពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ តែកាយសង្ខារ របស់សត្វទាំងនោះ មិនកើតឡើង ក្នុងទីនោះទេ ចិត្តសង្ខារ របស់សត្វទាំងនោះ នឹងកើតឡើងផង កាយសង្ខារ កើតឡើងផង ក្នុងឧប្បាទក្ខណៈនៃពួកអស្សាសៈ និងបស្សាសៈ ក្នុងទីនោះ។
ID: 637826061287014020
ទៅកាន់ទំព័រ៖