ព្រះត្រៃបិដក ភាគ ៨៨
មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា ទុក្ខសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ ដែលមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែទុក្ខសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ពួកសត្វ កាលចូលទៅកាន់សុទ្ធាវាស មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង ទុក្ខសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។
[៦៩] សមុទយសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា មគ្គសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត មគ្គសច្ច របស់សត្វណា មិនកើតឡើងហើយ ក្នុងទីណា សមុទយសច្ច របស់សត្វនោះ មិនកើតឡើងហើយ ក្នុងទីនោះឬ។ អកុសលចិត្ត ទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកសត្វ ដែលមិនទាន់ត្រាស់ដឹងនូវសច្ចៈ៤ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយ ក្នុងទីនោះ តែសមុទយសច្ច របស់សត្វទាំងនោះ មិនមែនជាមិនកើតឡើងហើយ ក្នុងទីនោះទេ ចិត្តទី២ របស់ពួកសុទ្ធាវាសសត្វ កំពុងប្រព្រឹត្តទៅ និងពួកអសញ្ញសត្វ មគ្គសច្ច របស់សត្វទាំងនោះ មិនកើតឡើងហើយផង សមុទយសច្ច មិនកើតឡើងហើយផង ក្នុងទីនោះ។
ID: 637825996592747414
ទៅកាន់ទំព័រ៖