ព្រះត្រៃបិដក ភាគ ៨៩
តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយកាមរាគានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយកាមរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។
[១២៤] បុគ្គលណា មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីនោះដែរឬ។ បុគ្គល ៣ ពួកនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គល ៣ ពួកនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ
ID: 637826383048472943
ទៅកាន់ទំព័រ៖