ព្រះត្រៃបិដក ភាគ ៨៩
តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយបដិឃានុស័យផង មិនមានអនុស័យ ដោយអវិជ្ជានុស័យផង ក្នុងទីទាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនមានអនុស័យ ដោយអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយបដិឃានុស័យ ក្នុងទីនោះដែរឬ។ អើ។
[១២៥] បុគ្គលណា មិនមានអនុស័យ ដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយទិដ្ឋានុស័យ។បេ។ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទីនោះដែរឬ។ បុថុជ្ជននោះ មិនមានអនុស័យ ដោយមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុថុជ្ជននោះ មិនមែនជាមិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ ព្រះអរហន្ត មិនមានអនុស័យ ដោយមានានុស័យផង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង ក្នុងទីទាំងអស់។
ID: 637826384000978000
ទៅកាន់ទំព័រ៖