ព្រះត្រៃបិដក ភាគ ៨៩
តែបុគ្គលទាំងនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលទាំងនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងអបរិយាបន្នៈនោះ អនាគាមិបុគ្គលនោះ មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យ ដោយកាមរាគានុស័យ និងដោយបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែអនាគាមិបុគ្គលនោះ មិនមែនជាមិនមានអនុស័យ ដោយមានានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ ព្រះអរហន្ត មិនមានអនុស័យ ដោយវិចិកិច្ឆានុស័យផង មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យផង ក្នុងទីទាំងអស់។ បុគ្គលណា មិនមានអនុស័យ ដោយកាមរាគានុស័យ ដោយបដិឃានុស័យ និងដោយមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនមានអនុស័យ ដោយភវរាគានុស័យ ក្នុងទីនោះដែរឬ។ អើ។
ID: 637826639250111431
ទៅកាន់ទំព័រ៖