ព្រះត្រៃបិដក ភាគ ៨៩
ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនលះបង់វិចិកិច្ឆានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង។ បុគ្គលណា មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យ បុគ្គលនោះ មិនលះបង់ភវរាគានុស័យ។បេ។ មិនលះបង់អវិជ្ជានុស័យដែរឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនលះបង់អវិជ្ជានុស័យ បុគ្គលនោះ មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យដែរឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនលះបង់អវិជ្ជានុស័យ និងមានានុស័យ តែបុគ្គលនោះ មិនមែនជាមិនលះបង់កាមរាគានុស័យ និងបដិឃានុស័យទេ ពួកបុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនលះបង់អវិជ្ជានុស័យផង មិនលះបង់កាមរាគានុស័យ បដិឃានុស័យ និងមានានុស័យផង។
ID: 637826654442911933
ទៅកាន់ទំព័រ៖