ព្រះត្រៃបិដក ភាគ ០៩
[១៦៦] វេលានោះ ឯសុធម្មភិក្ខុដ៏មានអាយុ ក៏បានទៅកាន់នគរមច្ឆិកាសណ្ឌ ជាមួយនឹងភិក្ខុជាអនុទូត ហើយសូមទោសចិត្តគហបតិ។ សុធម្មភិក្ខុនោះ ព្រមប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ចេញចាកកម្ម រួចចូលទៅរកភិក្ខុទាំងឡាយ ហើយនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ខ្ញុំជាអ្នកដែលសង្ឃបានធ្វើបដិសារណីយកម្មហើយ ក៏ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួនចេញចាកកម្មហើយ ខ្ញុំត្រូវប្រតិបត្តិដូចម្តេច(ទៀត)។ ភិក្ខុទាំងនោះ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ សង្ឃចូររម្ងាប់បដិសារណីយកម្មរបស់សុធម្មភិក្ខុចុះ។
[១៦៧] ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បដិសារណីយកម្ម ដល់ភិក្ខុ ដែលប្រកបដោយអង្គ៥ គឺភិក្ខុឲ្យឧបសម្បទា១ ឲ្យនិស្ស័យ១ ឲ្យសាមណេរបម្រើខ្លួន១ ទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ដែលសង្ឃបានសន្មតហើយ ក៏ទៅប្រដៅភិក្ខុនី១ ម្នាលភិក្ខុទាំងឡាយ សង្ឃមិនត្រូវរម្ងាប់បដិសារណីយកម្ម របស់ភិក្ខុ ដែលប្រកបដោយ អង្គ៥នេះទេ។
ID: 636797912636708415
ទៅកាន់ទំព័រ៖