ព្រះត្រៃបិដក ភាគ ០៩
ឆន្នភិក្ខុនេះ សង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិហើយ បានប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្ត គួរដល់កិរិយារលាស់ខ្លួន ចេញចាកកម្ម មកសូមការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ។ សង្ឃរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ។ ការរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ សង្ឃបានរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ដល់ឆន្នភិក្ខុហើយ ការរម្ងាប់ឧក្ខេបនីយកម្មនេះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
ចប់ឧក្ខេបនីយកម្ម ព្រោះមិនឃើញអាបត្តិ ជាគំរប់៥។
[២២៥] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់គង់ក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ សម័យនោះឯង ឆន្នភិក្ខុដ៏មានអាយុ ត្រូវអាបត្តិហើយ មិនប្រាថ្នានឹងសំដែងអាបត្តិចេញ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល
ID: 636797923911063271
ទៅកាន់ទំព័រ៖