ព្រះត្រៃបិដក ភាគ ០៩
[២៥៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ៣ពួកដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធពួក១ ពោលតិះដៀលព្រះធម៌ពួក១ ពោលតិះដៀលព្រះសង្ឃពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ដល់ភិក្ខុ៣ពួកនេះឯង។
ចប់វត្តមានចំនួន៦ ដែលសង្ឃប្រាថ្នា (នឹងធ្វើ ក៏ធ្វើបាន) ក្នុងឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ។
[២៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលសង្ឃ បានធ្វើឧក្ខេបនីយកម្មហើយ ព្រោះមិនសំដែងអាបត្តិចេញ ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុងឧក្ខេបនីយកម្មនោះ ដូច្នេះ គឺភិក្ខុនោះ មិនត្រូវឲ្យឧបសម្បទា មិនត្រូវឲ្យនិស្ស័យ មិនត្រូវឲ្យសាមណេរបម្រើខ្លួន មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី ទុកជាសង្ឃបានសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនីដែរ ភិក្ខុនោះ ដែលសង្ឃបានធ្វើឧក្ខេបនីយកម្ម ព្រោះមិនសំដែងអាបត្តិចេញ ចំពោះអាបត្តិណា កុំឲ្យត្រូវអាបត្តិនោះទៀត
ID: 636797928909839184
ទៅកាន់ទំព័រ៖