ព្រះត្រៃបិដក ភាគ ០៩
លោកដ៏មានអាយុអង្គនោះ គប្បីនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់ពីរដងផង។បេ។ ខ្ញុំប្រកាសសេចក្តីនេះ ជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ទិដ្ឋិដ៏លាមក មានសភាពយ៉ាងនេះ កើតឡើងដល់អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត ដូច្នេះថា យើងដឹងច្បាស់ នូវធម៌ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយថា ធម៌ទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ធ្វើសេចក្តីអន្តរាយ បានយ៉ាងណា ធម៌ទាំងឡាយនោះ មិនអាចធ្វើសេចក្តីអន្តរាយ ដល់បុគ្គល អ្នកសេពទេ។ អរិដ្ឋភិក្ខុនោះ មិនលះបង់ទិដ្ឋិនោះចេញទេ។ សង្ឃធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូននៃត្រកូល ជាអ្នកសម្លាប់ត្មាត។ ការធ្វើ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិលាមក គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ដល់អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាត គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវនិយាយឡើង។ ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ គឺមិនឲ្យបរិភោគរួម ជាមួយនឹងសង្ឃ ៗបានធ្វើ ដល់អរិដ្ឋភិក្ខុ ជាកូន នៃត្រកូល អ្នកសម្លាប់ត្មាតហើយ ការធ្វើ ឧក្ខេបនីយកម្មនោះ គួរដល់សង្ឃ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុក នូវដំណើរនេះ
ID: 636798000579028428
ទៅកាន់ទំព័រ៖