ព្រះត្រៃបិដក ភាគ ០៩

 [​៣០៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣​ ​គឺ​ភិក្ខុ​អ្នកធ្វើការ​បង្កហេតុ​ ​អ្នកធ្វើការ​បង្កជម្លោះ​ ​អ្នកធ្វើការ​ទាស់ទែង​ ​អ្នកធ្វើ​តិរច្ឆានកថា​ ​អ្នកធ្វើ​អធិករណ​ក្នុង​សង្ឃ១​ ​ជា​មនុស្ស​ល្ងង់​ ​មិន​ឆ្លាស​ ​ច្រើន​ទៅ​ដោយ​អាបត្តិ​ ​មិន​មានការ​កំណត់​អាបត្តិ១​ ​នៅ​ច្រឡូកច្រឡំ​ ​ដោយ​គ្រហស្ថ​ ​ដោយ​ការ​ច្រឡូកច្រឡំ​មិន​សមគួរ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​
 [​៣០៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣ដទៃទៀត​ ​គឺ​ភិក្ខុ​វិបត្តិ​ចាក​សីល​ ​ក្នុង​អធិសីល១​ ​វិបត្តិ​ចាក​អាចារ​ ​ក្នុង​អជ្ឈាចារ១​ ​វិបត្តិ​ចាក​ទិដ្ឋិ​ ​ក្នុង​អតិ​ទិដ្ឋិ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​សង្ឃ​ប្រាថ្នា​ ​ក៏​គប្បី​ធ្វើ​ឧក្ខេ​បនី​យក​ម្ម​ ​ព្រោះ​មិន​លះបង់​ទិដ្ឋិ​អាក្រក់​ចេញ​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​អង្គ៣នេះឯង​។​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636798003554978642
ទៅកាន់ទំព័រ៖