ព្រះត្រៃបិដក ភាគ ០៩
[៣០៥] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៣ដទៃទៀត គឺភិក្ខុពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុដែលប្រកបដោយអង្គ៣នេះឯង។
[៣០៦] ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុ៣ពួក គឺភិក្ខុជាអ្នកធ្វើការបង្កហេតុ ជាអ្នកធ្វើការជម្លោះ ជាអ្នកធ្វើសេចក្តីទាស់ទែង ជាអ្នកធ្វើតិរច្ឆានកថា ជាអ្នកធ្វើអធិករណក្នុងសង្ឃពួក១ ល្ងង់ មិនឆ្លាស ច្រើនដោយអាបត្តិ មិនមានការកំណត់អាបត្តិពួក១ នៅច្រឡូកច្រឡំ ដោយគ្រហស្ថ ដោយការច្រឡូកច្រឡំមិនសមគួរពួក១ ម្នាលភិក្ខុទាំងឡាយ កាលបើសង្ឃប្រាថ្នា ក៏គប្បីធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ចេញ ដល់ភិក្ខុ៣ពួកនេះឯង។
ID: 636798003918219418
ទៅកាន់ទំព័រ៖