ព្រះត្រៃបិដក ភាគ ០៩
[៣១៥] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ គឺភិក្ខុមិនឲ្យឧបសម្បទា១ មិនឲ្យនិស្ស័យ១ មិនឲ្យសាមណេរបម្រើខ្លួន១ មិនទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ ទុកជាសង្ឃសន្មតហើយ ក៏មិនប្រដៅភិក្ខុនីទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។
[៣១៦] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះបង់ទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥ដទៃទៀត គឺភិក្ខុដែលសង្ឃធ្វើឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ចេញ ចំពោះអាបត្តិណា ហើយមិនត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នា នឹងអាបត្តិនោះ១ ឬអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ មិនតិះដៀលកម្ម១ មិនតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវរម្ងាប់ឧក្ខេបនីយកម្ម ព្រោះមិនលះទិដ្ឋិអាក្រក់ ដល់ភិក្ខុដែលប្រកបដោយអង្គ៥នេះឯង។
ID: 636798006199299889
ទៅកាន់ទំព័រ៖