ព្រះត្រៃបិដក ភាគ ០៩
[៣២១] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយទ្រង់ត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុអ្នកនៅបរិវាស ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុអ្នកនៅបរិវាស មិនសមបើ នឹងត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយទេ។ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ ឬនាំពួកជន ដែលជ្រះថ្លាហើយ ឲ្យរឹងរឹតតែជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួចហើយ ទើបទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកនៅបរិវាស មិនត្រូវត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម
ID: 636798011484862206
ទៅកាន់ទំព័រ៖