ព្រះត្រៃបិដក ភាគ ០៩
អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទេ ភិក្ខុឯណាត្រេកអរ ភិក្ខុនោះ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាត ឲ្យភិក្ខុអ្នកនៅបរិវាស (ត្រេកអរ) នឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម អញ្ជលិកម្ម សាមីចិកម្ម ការនាំអាសនមកឲ្យ ការនាំទីដេកមកឲ្យ ទឹកសម្រាប់លាងជើង តាំងសម្រាប់ទ្រជើង វត្ថុសម្រាប់ជូតជើង ការទទួលបាត្រ និងចីវរ ការដុសក្អែល ក្នុងវេលាងូតទឹក នៃគ្នានឹងគ្នា គឺភិក្ខុដែលនៅបរិវាសដូចគ្នា តាមលំដាប់ភិក្ខុចាស់ (ខ្ចី)បាន។ ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឧបោសថ១ បវារណា១ ការទទួលវស្សិកសាដក១ ការលះបង់ភត្ត
(១)១ ការទទួលភត្ត
(២)១ ទាំង៥យ៉ាង ដល់ភិក្ខុអ្នកនៅបរិវាសទាំងឡាយ តាមលំដាប់ភិក្ខុចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគត នឹងបញ្ញត្តវត្ត ដល់ពួកភិក្ខុអ្នកនៅបរិវាស តាមទំនងដែលភិក្ខុអ្នកនៅបរិវាស ត្រូវប្រព្រឹត្ត។
(១) លំដាប់ភត្ត មានឧទ្ទេសភត្តជាដើម ដែលសង្ឃត្រូវចែកឲ្យដល់ខ្លួនក្នុងថ្ងៃនេះ ហើយខ្លួនក៏លះបង់ភត្តនោះ គឺប្រាប់ឲ្យចែកដល់ភិក្ខុដទៃសិន ចំណែកខ្លួន នឹងសូមទទួល ក្នុងថ្ងៃតទៅ ។ (២) ទទួលចែកភត្ត ដែលខ្លួនត្រូវបានតាមលំដាប់វស្សាបាន
ID: 636798011962739539
ទៅកាន់ទំព័រ៖