ព្រះត្រៃបិដក ភាគ ០៩
[៣២២] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ (ភិក្ខុអ្នកនៅបរិវាស) ត្រូវប្រព្រឹត្តវត្ត ដោយប្រពៃ។ ការប្រព្រឹត្តវត្តដោយប្រពៃ ក្នុងការនៅបរិវាសនោះ ដូច្នេះ គឺភិក្ខុដែលនៅបរិវាសនោះ មិនត្រូវឲ្យឧបសម្បទា
(១)១ មិនត្រូវឲ្យនិស្ស័យ
(២)១ មិនត្រូវឲ្យសាមណេរបម្រើខ្លួន
(៣)១ មិនត្រូវទទួលការសន្មតិខ្លួន ជាអ្នកប្រដៅភិក្ខុនី១ បើទុកជាសង្ឃសន្មតហើយ ក៏មិនត្រូវប្រដៅភិក្ខុនី១ សង្ឃឲ្យបរិវាស ចំពោះអាបត្តិណា មិនឲ្យត្រូវអាបត្តិនោះទៀត១ ឬអាបត្តិដទៃ ប្រហែលគ្នា នឹងអាបត្តិនោះ១ ឬត្រូវអាបត្តិដែលធ្ងន់ជាងអាបត្តិនោះ១ មិនត្រូវតិះដៀលកម្ម១ មិនត្រូវតិះដៀលពួកភិក្ខុអ្នកធ្វើកម្ម១ មិនត្រូវហាមឧបោសថ ដល់ភិក្ខុជាបកតត្ត១ មិនត្រូវហាមបវារណា១ មិនត្រូវធ្វើជាអ្នកមានមាត់ពាក្យ (ក្នុងអធិករណនោះ)១ មិនត្រូវទទួលនាទីជាធំ ក្នុងវត្ត១ មិនត្រូវឲ្យធ្វើឱកាស (ដើម្បីចោទ)១
(១) អដ្ឋកថាថា មិនត្រូវធ្វើជាឧបជ្ឈាយ៍ ឲ្យឧបសម្បទា ដល់កុលបុត្ត ប៉ុន្តែ បើបានដាក់វត្តហើយ នឹងឲ្យឧបសម្បទា ក៏គួរ។ មិនត្រូវធ្វើជាអាចារ្យ សូត្រកម្មវាចា កាលបើគ្មានភិក្ខុដទៃ ភិក្ខុនោះបានដាក់វត្តហើយ សូត្រកម្មវាចាក៏គួរ។ (២) មិនត្រូវឲ្យនិស្ស័យ ដល់ភិក្ខុជាអាគន្តុក ភិក្ខុឯណាបានកាន់និស្ស័យទៅហើយ ត្រូវប្រាប់ភិក្ខុអស់នោះថា ខ្ញុំធ្វើវិនយកម្ម ត្រូវលោកកាន់យកនិស្ស័យ ក្នុងសំណាក់ព្រះថេរៈឯណោះចុះ កុំមកធ្វើវត្តដល់ខ្ញុំឡើយ វេលាចូលស្រុក កុំមកលាខ្ញុំឡើយ។ បើបានហាមយ៉ាងនេះហើយ គេនៅតែធ្វើនោះ បារិវាសិកភិក្ខុ មិនត្រូវអាបត្តិទេ។ (៣) មិនត្រូវទទួលសាមណេរឯទៀត ទុកជាសាមណេរដែលខ្លួនបំបួសហើយ ក៏ត្រូវហាមថា ខ្ញុំធ្វើវិនយកម្ម កុំមកធ្វើវត្តដល់ខ្ញុំឡើយ។ បើបានហាមយ៉ាងនេះហើយ សាមណេរអស់នោះ នៅតែធ្វើ បារិវាសិកភិក្ខុនោះ មិនត្រូវអាបត្តិឡើយ។
ID: 636798012492099816
ទៅកាន់ទំព័រ៖