ព្រះត្រៃបិដក ភាគ ០៩
មិនត្រូវចោទគេ១ មិនត្រូវរំលឹកគេ១ មិនត្រូវប្រកបពួកភិក្ខុ (ឲ្យឈ្លោះ) នឹងពួកភិក្ខុផងគ្នា១។
[៣២៣] ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ មិនត្រូវដើរមុខ មិនត្រូវអង្គុយមុខភិក្ខុ ជាបកតត្ត ទីឱកាសឯណា ដែលជាទីបំផុត នៃទីអង្គុយ ជាទីបំផុតនៃទីដេក (គ្រែ ឬតាំងដែលអាក្រក់ជាងគេ) ជាទីបំផុតនៃលំនៅ (លំនៅដែលអាក្រក់ជាងគេ) របស់សង្ឃ ៗត្រូវប្រគល់ឲ្យឱកាសនោះ ដល់បារិវាសិកភិក្ខុនោះ បារិវាសិកភិក្ខុនោះ ត្រូវត្រេកអរ ចំពោះឱកាសនោះ ម្នាលភិក្ខុទាំងឡាយ បារិវាសិកភិក្ខុ (មិនត្រូវធ្វើ) ភិក្ខុជាបកតត្ត ឲ្យជាបុរេសមណ (សមណដើរមុខ) ឬបច្ឆាសមណ (សមណដើរក្រោយ) ចូលទៅកាន់ត្រកូលទាំងឡាយទេ មិនត្រូវសមាទានអារញ្ញិកធុតង្គ មិនត្រូវសមាទានបិណ្ឌបាតិកធុតង្គ មិនត្រូវឲ្យគេនាំចង្ហាន់បិណ្ឌបាត្រមក (ដើម្បីខ្លួន) ព្រោះបច្ច័យនោះ ដោយគិតថា ជនទាំងឡាយកុំដឹង (រឿង) អញឡើយ
(១) ។
(១) បារិវាសិកភិក្ខុគិតថា អញនឹងអង្គុយឆាន់ក្នុងវត្តនេះ ហើយនឹងរាប់រាត្រីទាំងឡាយ កាលបើអញចេញទៅបិណ្ឌបាត្រ នឹងប្រទះភិក្ខុក្នុងស្រុក កាលបើអញមិនប្រាប់ នឹងដាច់រាត្រី បារិវាសិកភិក្ខុនោះ មិនត្រូវឲ្យគេនាំចង្ហាន់បិណ្ឌបាត មកដើម្បីខ្លួន ដោយហេតុនេះឯង។ ទុកជាប្រើឲ្យសាមណេរចំអិន ហើយឆាន់ ក្នុងវត្ត ដោយអធ្យាស្រ័យថា កុំឲ្យអ្នកណាមួយ ដឹងសោះឡើយ ដូច្នេះ ក៏មិនបាន បារិវាសិកភិក្ខុនោះ ត្រូវតែចូលទៅបិណ្ឌបាតក្នុងស្រុក ។
ID: 636798012917924172
ទៅកាន់ទំព័រ៖