ព្រះត្រៃបិដក ភាគ ០៩
ឮថា ពួកមានត្តចារិកភិក្ខុ ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមានត្តចារិកភិក្ខុ មិនសមបើនឹងត្រេកអរអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ជនទាំងឡាយ ដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសរួចហើយ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ មានត្តចារិកភិក្ខុ មិនត្រូវត្រេកអរអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក របស់ពួកភិក្ខុជាបកតត្តឡើយ ភិក្ខុណាត្រេកអរ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត អភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាស្រង់ទឹក ដល់មានត្តចារិកភិក្ខុទាំងឡាយ តាមលំដាប់ចាស់ (ខ្ចី)។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឧបោសថ១ បវារណា១ ការទទួលសំពត់វស្សិកសាដិក១ ការលះបង់ភត្ត១ ការទទួលភត្ត១
ID: 636798027272315196
ទៅកាន់ទំព័រ៖