ព្រះត្រៃបិដក ភាគ ០៩
[៣៦៨] សម័យនោះ ពួកអព្ភានារហភិក្ខុ ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម ។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ។ ភិក្ខុទាំងឡាយឯណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកអព្ភានារហភិក្ខុ មិនសមបើ ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយសោះ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។
[៣៦៩] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ឮថា អព្ភានារហភិក្ខុទាំងឡាយ ត្រេកអរនឹងអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ អព្ភានារហភិក្ខុទាំងឡាយ មិនសមបើ នឹងត្រេកអរអភិវាទនកម្ម បច្ចុដ្ឋានកម្ម។បេ។ ការដុសក្អែលខ្នង ក្នុងវេលាងូតទឹក របស់ភិក្ខុជាបកតត្តទាំងឡាយទេ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទើបទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ
ID: 636798030619936669
ទៅកាន់ទំព័រ៖