ព្រះត្រៃបិដក ភាគ ០៩
ខ្ញុំព្រះករុណាទាំងឡាយ មកសូមការរម្ងាប់តជ្ជនីយកម្ម។ គប្បីសូមជាគំរប់ពីរដងផង។ គប្បីសូមជាគំរប់បីដងផង។ ភិក្ខុអ្នកឆ្លាស ប្រតិពល គប្បីញុំាងសង្ឃឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ដែលសង្ឃធ្វើតជ្ជនីយកម្មហើយ បានប្រព្រឹត្តវត្តដោយប្រពៃ និងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម មកសូមការរម្ងាប់តជ្ជនីយកម្ម។ បើកម្មមានកាលគួរដល់សង្ឃហើយ សង្ឃគប្បីរម្ងាប់តជ្ជនីយកម្មរបស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុនេះ ដែលសង្ឃបានធ្វើតជ្ជនីយកម្មហើយ ប្រព្រឹត្តវត្តដោយប្រពៃ ទាំងសម្លបរោម ប្រព្រឹត្តវត្តគួរដល់កិរិយារលាស់ចេញចាកកម្ម ឥឡូវមកសូមការរម្ងាប់តជ្ជនីយកម្ម។ សង្ឃក៏រម្ងាប់តជ្ជនីយកម្មរបស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ។ ការរម្ងាប់តជ្ជនីយកម្ម របស់បណ្ឌុកភិក្ខុ និងលោហិតកភិក្ខុ គួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវស្ងៀម មិនគួរដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះត្រូវនិយាយឡើង។ ខ្ញុំប្រកាសសេចក្តីនេះជាគំរប់ពីរដងផង។
ID: 636797437647182750
ទៅកាន់ទំព័រ៖