ព្រះត្រៃបិដក ភាគ ០៩
ឧទាយិភិក្ខុនោះ បាននៅបរិវាសរួចហើយ បានសូមមានត្ត ៦រាត្រីនឹងសង្ឃ ចំពោះអាបត្តិទាំង៣។ សង្ឃក៏បានឲ្យមានត្ត ៦រាត្រី ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិទាំង៣។ ឧទាយិភិក្ខុនោះ កំពុងប្រព្រឹត្តមានត្ត ក៏ត្រូវអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ តែមិនបានបិទបាំងទុកឡើយ ឥឡូវ ឧទាយិភិក្ខុនោះ សូមការទាញមកដាក់ក្នុងមូលាបត្តិ នឹងសង្ឃ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគួរទាញឧទាយិភិក្ខុ មកដាក់ក្នុងមូលាបត្តិ ចំពោះអាបត្តិ១ ក្នុងចន្លោះ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលមិនបានបិទបាំងទុក។ នេះជាពាក្យផ្តៀងសង្ឃ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ ដ្បិតឧទាយិភិក្ខុនេះ ត្រូវអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ហើយបិទបាំងទុក៥ថ្ងៃ ឧទាយិភិក្ខុនោះ បានសូមបញ្ចាហបរិវាសនឹងសង្ឃ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។ សង្ឃក៏បានឲ្យបញ្ចាហបរិវាស ដល់ឧទាយិភិក្ខុ ចំពោះអាបត្តិ១ ឈ្មោះសញ្ចេតនិកសុក្កវិសដ្ឋិ ដែលបិទបាំងទុក៥ថ្ងៃ។
ID: 636798054138411849
ទៅកាន់ទំព័រ៖